អំពីFTB

សូមស្វាគមន៍មកកាន់វ៉ិបសាយរបស់ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB)។ FTB គឺជាធនាគារដំបូងបំផុត និងនាំមុខគេ នៅកម្ពុជា។ វាគឺជាធនាគាររដ្ឋចម្រុះឯកជន ដែលបាននឹងកំពុងបន្តផ្តល់សេវាធនាគារដ៏មានសុវត្ថិភាព និងភាពជឿជាក់ច្រើន ជាង៣៣ឆ្នាំ ហើយ ។ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជាបានបង្កើតឡើងនៅ ថ្ងៃទី ១០ ខែតុលា ឆ្នាំ១៩៧៩ ដោយអនុក្រិត្យលេខ១២១៣ ក្នុងអតីតរបបរដ្ឋកម្ពុជា។ ក្នុងឆ្នាំ២០០០ ធនាគារបានបំបែកចេញ ពីការគ្រប់គ្រង់ផ្ទាល់របស់ធនាគារជាតិនៃកម្ពុជា (ធនាគារកណ្តាល)ដើម្បីផ្ទេរអត្តសញ្ញាណ របស់ខ្លួនអោយក្លាយទៅជាធនាគារពាណិជ្ជរបស់រដ្ឋដែលមានចារិកជាគ្រឹះស្ថានសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងក្នុងគោលបំណងឈានទៅរកប្រតិបត្តិការអាជីវកម្មស្វយ័ត។
នៅខែមករា ឆ្នាំ២០០១ ធនាគារបានទទួលអាជ្ញាប័ណ្ណអាជីវកម្មពីធនាគារកណ្តាល ដើម្បីប្រតិបត្តិ ជាធនាគារពាណិជ្ជនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់រយះពេល ៣ឆ្នាំ ចាប់ពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០០១។ នេះគឺជា អាជ្ញាប័ណ្ណអាជីវកម្មលើកដំបូងដែលអនុញ្ញាត អោយធនាគារដំណើរការជាអង្គភាពឯករាជ្យស្របច្បាប់មួយ ពីការគ្រប់គ្រងផ្ទាល់របស់ ធនាគារកណ្ដាល។ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០០៤ ធនាគារបានទទួលអាជ្ញាប័ណ្ណជាលើកទី២ ពីធនាគារកណ្តាល សម្រាប់រយះពេល ៣ឆ្នាំចាប់ពីថ្ងៃនោះមក ។ ឥឡូវនេះធនាគារមានអាជ្ញាប័ណ្ណ ជាធនាគារពាណិជ្ជ ដែលចុះនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៦ សម្រាប់កាលមិនកំណត់។
នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០០២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសតាមសេចក្តីថ្លែងការណ៍ថាឯកជន ភាវូនីយកម្មរបស់ធនាគារជាផ្នែកមួយនៃកំណែទម្រង់ផ្នែក ហិរញ្ញវត្ថុ របស់រាជរដ្ឋាភិបាលកម្ពុជា ។ នៅថ្ងៃ ២៨ ខែតុលា ឆ្នាំ២០០៥ ម្ចាស់ភាគហ៊ុននៃធនាគារដែលតំណាងដោយគណៈកម្មាធិការឯកជនភាវូបនីយកម្ម បានធ្វើកិច្ចព្រមព្រៀងលក់ទិញ និងផែនការលទ្ធកម្ម ធនាគារកាណាឌឺយ៉ា និងក្រុមហ៊ុនអាយអិនជីហូលឌីង ។ ធនាគារកណ្តាលបានលក់ហ៊ុន ២០% របស់ខ្លួនក្នុងធនាគារ ហើយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានបន្ថយភាគហ៊ុនរបស់ខ្លួនពី៨០% មក១០% ។ លក្ខន្តិកៈរបស់ធនាគារបានកែប្រែនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១០ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសមាសភាពម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាល។
នៅខែ មិនា ២០១១, ធនាគារកាណាឌីយ៉ាភីអិលស៊ី បានលក់ភាគហ៊ុននៅសល់របស់ខ្លួនទៅជូនភាគទុនិកឯកជន ២ រូប។ ក្នុងម្នាក់ៗ មានចំនួន ៧.៦១%។ ភាគទុនិករបស់ធនាគារ FTB នៅចុងឆ្នាំ ២០១១ រួមមានក្រុមហ៊ុនអាយអិនជីហូលឌីងខូអិលធីឌី មានភាគហ៊ុនចំនួន ៤៤% ភាគទុនិកឯកជន២ រូបមាន ភាគហ៊ុនក្នុងម្នាក់ៗ ២៣% និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមាន ភាគហ៊ុនចំនួន ១០% នៃ ដើមទុនសរុប។






